Mobile Operator របស់រុស្ស៊ីដែលមានឈ្មោះថា Beeline ស្ថិតក្រោមស្លាកសញ្ញា ក្រុមហ៊ុនធំ VimpelCom ថ្មីៗនេះបានប្រកាសលក់ភាគហ៊ុនទាំងស្រុងរបស់ខ្លួនឲ្យទៅដៃគូពាណិជ្ជកម្មក្នុងស្រុក។
លោក Jo Lunder នាយកប្រតិបត្តិរបស់ក្រុមហ៊ុនវិនិយោគរុស្ស៊ី VimpelCom បានលើកឡើងថា៖ “ការលក់ភាគហ៊ុនវិនិយោគទាំងស្រុងទៅឲ្យដៃគូក្នុងស្រុកជា សញ្ញាណវិជ្ជមានមួយដែល ដៃគូសហការរបស់យើង ជាម្ចាស់ទាំងស្រុង និងអាចគ្រប់គ្រងអាជីវកម្មស្លាកសញ្ញាក្រុមហ៊ុនឲ្យដំណើរការទៅមុខកាន់តែល្អប្រសើរ”។
សេចក្ដីប្រកាសលក់ភាគហ៊ុន (របស់VimpelCom) នៅកម្ពុជានេះ ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៤៩% នៅវៀតណាម ក្នុងតម្លៃ ៤៥លានដុល្លារអាមេរិក កាលពីថ្ងៃទី ២៤ មេសា ២០១២ កន្លងទៅ បន្ទាប់ពីខាតបង់ប្រមាណ ៥២៧លានដុល្លារអាមេរិក។
ប្រភពដដែលបានបញ្ជាក់ទៀតថា VimpelCom មានសិទ្ធជាម្ចាស់ភាគហ៊ុន លើក្រុមហ៊ុនបណ្ដាញទូរសព្ទ (Mobile Operator) នៅកម្ពុជា រហូតដល់ ៩០% ខណៈដែល ១០% ផ្សេងទៀតជារបស់ដៃគូសហការក្នុងស្រុកគឺលោក ហួត វណ្ណថន (Huot Vanthan)។
ក្នុងបទសម្ភាសន៍ខាងលើ ដែលចេញផ្សាយលើគេហទំព័រ cellular-news កាលពីថ្ងៃទី ១៩ មេសា កន្លងទៅនេះ សង្កត់ធ្ងន់ថា ទោះបីជាមានការបកស្រាយពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់VimpelCom (Sotelco) ក្ដី ក៏លោក មិនបានបញ្ជាក់ពីតម្លៃសរុប លើបរិមាណភាគហ៊ុនដែលខ្លួនលក់នោះទេ។
ចំពោះការទិញលក់ ខាងលើនេះដែរ ប្រភព ចេញពីមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យSabay ដឹងថា លោកមិនទាន់ទទួលបានដំណឹងនេះយ៉ាងណានោះទេ ប៉ុន្តែចំពោះបំណងរបស់VimpelCom ចង់លក់ភាគហ៊ុននោះ លោកដឹងយូរណាស់មកហើយ។
អាស្រ័យដោយប្រភពចេញពីCEO VimpelCom អន្តរជាតិ ទើប ប្រភពចេញពីក្រុមហ៊ុនBeeline ក្នុងស្រុកលើកឡើងថា មិនទាន់ទទួលបានដំណឹងច្បាស់នៅឡើយដែរ។
យោងតាមព័ត៌មានដែលធ្លាប់ចេញផ្សាយលើគេហទំព័រភ្នំពេញបុស្ដិ៍ កាលពីពាក់កណ្ដាលខែ មិនា ២០១២ កន្លងទៅបានឲ្យដឹងថា ទំហំទឹកប្រាក់ប្រតិបត្តិការរបស់Beeline ទាំងនៅកម្ពុជា និង វៀតណាមបានខាតបង់រហូតដល់ទៅជាង៥០០លានដុល្លារ អាមេរិក និងមានចំនួនអ្នកប្រើប្រាស់ប្រមាណ ៦៣ម៉ឺន នាក់។
ប្រព័ន្ធទូរសព្ទBeeline ដែលកំពុងចរាចរលើទីផ្សារកម្ពុជាបច្ចុប្បន្នមាន060 066 067 068 090 និង 031 ដែលទើបនឹងចេញប៉ុន្មានខែចុងក្រោយនេះ។
VimpelCom បោះទុនវិនិយោគនៅកម្ពុជា ក្នុងកញ្ចប់ទឹកប្រាក់ចំនួន ២៨លានដុល្លារអាមេរិក និងដំណើរការជាផ្លូវការលើទីផ្សារកម្ពុជា តាំងពីថ្ងៃទី ១៨ ខែ ឧសភា ២០០៩ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណ កាលពីខែ កក្កដា ២០០៨ ដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុន Sotelco និងយីហោ Beeline។
VimpelCom ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏ធំ ដែលបានបណ្ដាក់ទុននៅតាមបណ្ដាប្រទេសជាច្រើន សរុបជិត ២០ប្រទេស ដូចជា៖ កម្ពុជា វៀតណាម ឡាវ រុស្ស៊ី អ៊ីតាលី អ៊ុយក្រែន កាណាដា អាល់ហ្ស៊េរី កាហ្សាក់ស្ថាន ប៉ាគីស្ថាន អ៊ូបេគីស្ថាន តាហ្ស៊ីគីស្ថាន អាមិននៀ ហ្សកហ្ស៊ី បង់ក្លាដេស ប៊ូរុនឌី ហ្ស៊ីមបាវ៉េ អាហ្វ្រិកកណ្ដាល និងប្រទេសKyrgyzstan។
អត្ថបទ៖ សេង ណារិទ្ធ
Tags: ព័ត៌មានបច្ចេកវិទ្យាក្នុងស្រុក, ព័ត៌មានពី Beeline នៅកម្ពុជា
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment