ក្នុងការរស់នៅជាប្រចាំថ្ងៃ យើងរមែងជួបប្រទះនូវគ្រប់បញ្ហាផ្សេង។ បញ្ហាទាំងនោះនឹងនាំឲ្យមានភាពស្មុគស្មាញញាំញីស្មារតីឥតស្រាកស្រាន្ត កត្តានេះវាជះឥទ្ធិពលដល់ការកើតជម្ងឺផ្លូវចិត្ត។ ប៉ុន្តែមុននឹងឈានទៅរកជម្ងឺផ្លូវចិត្តវាបានចាប់ផ្តើមពីការមានបញ្ហាបន្តិចបន្តួចរាតត្បាតបន្តិចម្តងៗ ក្នុងរយៈពេលយូរ។ ទោះបីជាបញ្ហាកើតឡើងមានកម្រិតធ្ងន់ធ្ងរក៏ដោយ បើយើងចេះទប់ស្កាត់ និងបន្ថយភាពអាប់អួរទាំងនោះ ជម្ងឺផ្លូវចិត្តពិតជាកើតឡើងបានទេ។
ទាក់ទងទៅនឹងជម្ងឺផ្លូវចិត្តនេះលោកវេជ្ជបណ្ឌិត ស៊ិន ប៉ូលី ឯកទេសវិកលវិទ្យានៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនឹងចូលមកត្រួសត្រាយ ស្រាយបំភ្លឺជូនប្រិយមិត្តបានដឹងៈ
-អ្វីទៅដែលហៅថា ជម្ងឺផ្លូវចិត្ត?
*ជម្ងឺផ្លូវចិត្តដែលបង្កឡើងពីបញ្ហាជុំវិញខ្លួនវាខុសពីជម្ងឺដទៃដែលមានមេរោគបង្កឡើង។ គេអាចដឹងថាបុគ្គលម្នាក់មានជម្ងឺផ្លូវចិត្តនៅពេលគេសង្កេតឃើញពីអប្បកិរិយាខុសប្រក្រតីអារម្មណ៍ និងការគិតមិនធម្មតាជាដើម។
-មូលហេតុបង្កឲ្យមានជម្ងឺផ្លូវចិត្តមានកត្តាដោយឡែកៗដែលនាំឲ្យកើតមានជម្ងឺផ្លូវចិត្តពោលគឺៈ
-កត្តាផ្លូវចិត្តៈ គឺជាកត្តាចំបងមួយ ដែលនាំឲ្យមានជម្ងឺផ្លូវចិត្ត។ មានមនុស្សជាច្រើនដែលឆ្លងកាត់បញ្ហាធំៗក្នុងជីវិត ប៉ុន្តែគេមិនធ្លាក់ខ្លួនមានជម្ងឺផ្លូវចិត្តទេ។ នេះដោយសារតែបុគ្គលនោះមានផ្លូវចិត្តរឹងមាំ។ បញ្ហាដែលនាំឲ្យប៉ះពាល់សុខភាពផ្លូវចិត្តដូចជាៈ មនុស្សជាទីស្រឡាញ់ ស្លាប ឬព្រាត់ប្រាស់គ្នា មានគូមិនគាប់ចិត្តឆ្លងកាត់ការវះកាត់ មានជម្ងឺប្រចាំកាយ ការប៉ងប្រាថ្នា លើសពីសមត្ថភាព តូចចិត្តនឹងការបាត់បង់សោភ័ណ ឬពិការភាពអស់សង្ឃឹមទទួលរងនូវភាពអាមាសបាត់បង់ការងារ តួនាទីជាដើម។
-កត្តាសង្គមៈ គឺជាកត្តាដែលស្តែងឡើងធ្វើឲ្យប៉ះពាល់ដល់ការគិតនាំឲ្យមានភាពរន្ធត់តក់ស្លុតព្រួយបារម្ភដូចជាៈ គ្រោះថ្នាក់ចរាចរណ៍មានចោរកម្ម អស្ថិរភាពនយោបាយ អំពើពុករលួយ ឥទ្ធិពលគ្រឿងញៀន ទទួលគំនាបគ្រប់គ្រង ឬទទួលឥទ្ធិពលអំពើមិនល្អពីអ្នកដទៃ ឬសមាជិកគ្រួសារបរាជ័យក្នុងអាជីវកម្ម ជួបគ្រោះថ្នាក់ធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំលនន់ដែលនាំឲ្យខូចបង់ទ្រព្យធនធានជាដើម។
-កត្តាជីវសាស្ត្រៈ វដ្តនៃដំណើរជីវិតរបស់មនុស្សត្រូវឆ្លងកាត់បឋមវ័យ (កុមារភាពជំទង់យុវភាព)មជ្ឈឹមវ័យ(វ័យកណ្តាល) និងបច្ចឹមវ័យ(វ័យចាស់)។ ការប្រែប្រួលពីវ័យមួយទៅវ័យមួយក៏ត្រូវមានបម្រែបម្រួលស្មារតីដែរ ដែលជាទូទៅកត្តាជីវសាស្ត្រនេះច្រើនជាឥទ្ធិពលទៅលើបឋមវ័យ និងមច្ចឹមវ័យ។ ពិសេសយុវភាពតែងមានការផ្លាស់ប្តូរលូតលាស់ផ្នែករូបរាងកាយ និងអារម្មណ៍។ រីឯមនុស្សវ័យចាស់ក៏យ៉ាងនោះដែរ ស្របនឹងពាក្យមួយឃ្លាថា កាន់តែចាស់កាន់តែក្មេងខ្ចី។ មួយចំណែកទៀតក៏មានទំនាក់ទំនងនងេកត្តាតំណពូជផងដែរ។ គ្រួសារដែលមានជម្ងឺផ្លូវចិត្ត លុះទាយាទជំនាន់បន្ទាប់ងាយរងផលប៉ះពាល់ជាគ្រូសារដែលមានសុខភាពផ្លូវចិត្តល្អប្រសើរ។
-អាការៈ នៃជម្ងឺផ្លូវចិត្តបង្ហាញឡើងដូចម្តេច?មានលេចឡើងនូវអាការៈតាមកម្រិតនៃជម្ងឺៈ
-កម្រិតស្រាល ហៅថា ណូរ៉ូហ្ស៊ីសៈ គឺកើតឡើងច្រើនលើមនុស្សគ្រប់វ័យ។ ស្ថិតនៅក្នុងវ័យជំទង់ពួកគេតែងចង់ភ្លក្ស ចង់ដឹង អ្វីដែលថ្មី ជួនកាលការមិនចេះទប់អារម្មណ៍ និងឃុំគ្រងរក្សាអប់រំឲ្យល្អពីអាណាព្យាបាល ពួកគេនឹងមានភាពច្រងេងច្រងាង ឆេវឆាវ ចរិតកាចសាហាវ ហ៊ានជ្រុលពេកឆាប់មានប្រតិកម្មគិតផ្តេសផ្តាស់វាយគេវាយឯង វក់នឹងល្បែងផ្សេងក្នុងសង្គម។ ក្នុងរោគសញ្ញាជាទូទៅមានដូចជា គឺឈឺក្បាលញឹកញាប់ជាប្រចាំ គេងមិនលក់ ឆាប់ភ័យតក់ស្លុតញ័រទ្រូង ទទួលទានអាហារមិនសូវបាន ព្រឹលភ្នែកមួរម៉ៅច្រើន នឹងឃើញតែរឿងមិនល្អ ចូលចិត្តផ្តាច់ទំនាក់ទំនងពីអ្នកដទៃ ភ្លេចភ្លាំងច្រើនខុសប្រក្រតីជាដើម។
-កម្រិតធ្ងន់ហៅថា សាយកូហ្ស៊ីសៈ ក្នុងដំណាក់កាលនេះ នរណាៗក៏អាចយល់ដឹងបានដែរ គឺមិនពិបាកក្នុងការសង្កេតនោះទេ។ អ្នកជម្ងឺផ្លូវចិត្តកម្រិតធ្ងន់ គឺគេមានលក្ខណៈរង្វេងស្មារតីលែងដឹងខុសត្រូវ ភ័យខ្លាចអ្វីៗគ្រប់យ៉ាងចង់សម្លាប់ខ្លួនឯង ឬអ្នកដទៃ លែងខ្មាស់អៀនតែងខ្លួនធម្មតា យំសើច ឬជេរគេឯង។ ដំណាក់កាលនេះហៅថា វិកលចរិត ឬក៏ឆ្កួត។
-វិធីទប់ស្កាត់ជម្ងឺផ្លូវចិត្តអ្វីក៏ដោយគឺវាចាប់ផ្តើមពីដំណាក់កាលដំបូង ឬកម្រិតស្រាល។ ក្នុងដំណាក់កាលដំបូង ឬកម្រិតស្រាល។ ក្នុងដំណាក់កាលដំបូងនេះយើងអាចសម្គាល់ខ្លួនឯងបានថា ខុសប្រក្រតីភាពទាំងផ្លូវអារម្មណ៍ និងផ្លូវកាយ។ ដូច្នេះយើងត្រូវវពង្រឹងស្មារតី និងជម្រុះចោលការគិតផ្តេសផ្តាស់វែងឆ្ងយឥតប្រយោជន៍ ស្វែងរកសប្បាយដាក់ខ្លួនត្រូវជជែកពិភាក្សារកគន្លឹះល្អៗដើម្បីចាកចេញពីភាពអាប់អួរ ពិសេសមនុស្ស ដែលទុកចិត្ត ឬស្តាប់ធម៌អប់រំចិត្តជាដើម។លើសពីនេះគឺគួរមានការលំហែកម្សាន្ត មើលរឿងកំប្លែងមិនត្រូវព្យាយាមនៅស្ងាត់ម្នាក់ឯង។ កន្លងមកមានកំហុសឆ្គងខ្លះ ដែលអ្នកជម្ងឺផ្លូវចិត្តព្យាយាមព្យាបាលជម្ងឺផ្លូវចិត្តដូចជា លេបថ្នាំងងុយដេកថ្នាំឈឺក្បាល ព្យាយាមព្យាបាលការស្រវ៉ាង់ភ្នែក ឈឺពោះ ញ័រទ្រូងជាដើមដោយមិនគិតដល់ការព្យាបាលផ្លូវអារម្មណ៍មុនដែលជាឬសគល់នៃជម្ងឺ។ ដូច្នេះការជួបប្រឹក្សាព្យាបាលពីពេទ្យឯកទេសផ្លូវចិត្តជាកត្តាអាទិភាព។ ការព្យាបាលពីផ្នែកផ្លូវចិត្តទើបចំមូលហេតុប្រាកដ និងមិនធ្វើជម្ងឺកាន់តែធ្ងន់ធ្ងរ៕
ប្រភព khmerstaion.com
0 comments:
Post a Comment