វិធីបំបាត់ក្រោធ ដោយពិចារណាទោសនៃសេចក្តីក្រោធ ។ក្នុងចំណុចនេះ ព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្តែងទុកមកច្រើនណាស់ ដូចជា៖បុគ្គលក្រោធរមែងមានពណ៌សម្បុរមិនស្អាត ដេកជាទុក្ខ បែកមិត្ត អស់យស ។ល។ បុគ្គលអ្នកក្រោធមិនដឹងថា សេចក្តីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ ។ បុគ្គលអ្នកក្រោធខឹង រមែងមិនដឹងប្រយោជន៏ រមែងមិនឃើញធម៌ ។ បុគ្គលដែលសេចក្តីក្រោធគ្របសង្កត់មានតែភាពងងឹតប៉ុណ្ណោះ ។ បុគ្គលអ្នកក្រោធធ្វើនូវអំពើអាក្រក់បានដោយងាយហាក់ដូចជាធ្វើ ឭអំពើល្អ ប៉ុន្តែលុះដល់ក្រោយមក កាលបើបាត់ក្រោធហើយ ក៏មានការក្តៅក្រហាយស្តាយក្រោយដូចជាត្រូវភ្លើងឆេះ ។ មនុស្សក្រោធ រមែងសម្តែងនូវមុខក្រញូវជាដំបូង ដូចភ្លើងមុននឹងឆេះរមែងញ៉ាំងផ្សែងឲ្យកើតឡើងសិន លុះដល់កាលណា សេចក្តីក្រោធសម្តែងនូវតេជនុភាពហើយ កាលនោះ មនុស្សក្រោធ រមែងមិនខ្លាចអ្វីឡើយ ការខ្មាសអៀនក៏មិនមាន សេចក្តីគោរពក៏មិនមាន គេរមែងធ្វើនូវអំពើវិនាសផ្សេងៗ ដូចជាភ្លើងឆេះព្រៃឬឆេះភូមិអ្នកស្រុកដូច្នោះឯង ។មនុស្សក្រោធសម្លាប់ឪពុក សម្លាប់ម្តាយរបស់ខ្លួនឯងក៏បាន សម្លាប់ព្រះអរហន្តក៏បាន សម្លាប់មនុស្សណាៗក៏បានទាំងអស់ សូម្បីតែខ្លួនឯង ។គ្រោះកាចអ្វីសើ្មនឹងទោសៈមិនមាន ។កំហុសអ្វីស្មើនឹងទោសៈមិនមាន។សេចក្តីក្រោធមានទោស បង្កផលអាក្រក់ឲ្យមកសន្ធឹកសន្ធាប់ ដូចជាព្រះពុទ្ធវចនៈដែលបានសម្តែងមកនេះ បញ្ជាក់ឲ្យដឹងស្រាប់ហើយ ។ សូម្បីរឿងរ៉ាវនៅក្នុងនិទានផ្សេងៗ និងក្នុងជីវិតបច្ចុប្បន្នពិតៗ ក៏មានសន្ធឹកសន្ធាប់ដែរ សុទ្ធតែសម្តែងឲ្យឃើញថា ការខឹងក្រោធមានតែធ្វើឲ្យកើតសេចក្តីវិនាសខូចខាត មិនមានផលអ្វីល្អទេ ទើបគួរកម្ចាត់បង់ចោល មិនត្រូវទុកឲ្យឋិតនៅឡើយ ។ សម្លាប់អ្វីដទៃអាចដេកជាទុក្ខ តែសម្លាប់សេចក្តីក្រោធហើយ រមែងដេកជាសុខជារៀងរហូត ។ នត្ថិ ខន្ធសមា ទុក្ខាសេចក្តីទុក្ខទាំងពួងសើ្មដោយខន្ធមិនមានឡើយ ។នត្ថិ សន្តិបរំ សុខំសុខដទៃក្រៅពីសេចក្តីស្ងប់មិនមានឡើយ ។ដកស្រង់ចេញពីសៀវភៅ " វិធីរម្ងាប់សេចក្តីក្រោធ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដកស្រង់ពីhttp://5000-years.org
0 comments:
Post a Comment