បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងប្រារព្ធធ្វើពុំដែលខាន។ ឆ្នាំនេះ បុណ្យវិសាខបូជា បានប្រព្រឹត្តទៅនៅថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣។ ពិធីបុណ្យប្រចាំឆ្នាំនោះ បានប្រារព្ធឡើងជាទ្រង់ទ្រាយធំ នៅភ្នំព្រះរាជទ្រព្យ ដែលគេស្គាល់ជាទូទៅថា ភ្នំឧដុង្គ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។ ព្រះសង្ឃ តាអាចារ្យ យាយជី និងពុទ្ធបរិស័ទរាប់ពាន់នាក់ បានជួបជុំ ដើរហែក្បួនធម្មយាត្រា ក្នុងពិធីបុណ្យវិសាខបូជានៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ នៅព្រឹកថ្ងៃសុក្រ ទី២៤ឧសភា ដែលជាថ្ងៃឈប់សម្រាកបុណ្យជាតិ។ក្នុងពិធីជួបជុំដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សហការជាមួយក្រសួងធម្មការ និងសាសនា សាលារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ពិធីបុណ្យវិសាខបូជាជាផ្លូវការ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ( ឧដុង្គ ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកនេះ មានការនិមន្តចូលរួមដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចព្រះសង្ឃរាជ បួរ គ្រី សម្តេចព្រះសង្ឃជាច្រើនអង្គ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រមទាំងអាជ្ញាធរដែនដី និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ក្បួនធម្មយាត្រានៅភ្នំឧដុង្គនាព្រឹកមិញ នាំមុខដោយឡានបុស្សបុក តម្កល់រូបបដិមា តំណាងឲ្យព្រះសម្មាសម្ពុទ្ធ ពេលប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ ក្បួនធម្មយាត្រាក៏មានឆៃយ៉ាំ របាំត្រុដិ ការទូងស្គរ ភ្លេងពិណពាទ្យ ព្រមទាំងព្រះសង្ឃ តាអាចារ្យ យាយជី និងពលរដ្ឋខ្មែរក្មេងចាស់ ចូលរួមដើរដង្ហែអមឡានបុស្សបុក ជុំវិញព្រះមហាសក្យមុនីចេតិយ។បុណ្យវិសាខបូជា នៅថ្ងៃ១៥កើត ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសចំពោះថ្ងៃជាមង្គលទាំងបី គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងថ្ងៃរំលត់ខន្ធចូលកាន់ព្រះនិព្វាន នៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ក្នុងពិធីបុណ្យវិសាខបូជានៅភ្នំឧដុង្គ ក៏មានពិធីដាក់បាត្រប្រគេនព្រះសង្ឃ ដែលមានចង្ហាន់ អាហារ ទឹកបរិសុទ្ធ និងមី ជាដើម រួមជាមួយគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី សម្រាប់ថ្វាយព្រះមហាសក្យមុនីចេតិយ និងព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ផងដែរ៕
ដកស្រង់ពី www.cen.com.kh
0 comments:
Post a Comment