ថ្ងៃនេះមានអារម្មណ៍ល្អគ្រាន់បើ ពេលដែលបានស្ដាប់បទភ្លេងមនោសញ្ចេតនាអស់ជាច្រើនបទ។ និយាយលេងសើចអី បទភ្លេងទាំងនេះបានញ៉ាំងឲ្យខ្ញុំនឹកដល់អនុស្សាវរីយ៍មួយដែលខ្ញុំ មិនអាចបំភ្លេចបាន
នោះគឺដំណើរកម្សាន្ដទៅលេងកោះពស់
ក្នុងខេត្តព្រះសីហនុ ជាមួយនឹងមិត្តភក្ដិខ្ញុំកាលពីជាង២ឆ្នាំមុន។
ខ្ញុំចាំបានច្បាស់ណាស់ថាពេល
នោះពួកយើងបានទិញគ្រឿងញ៉ាំពី ផ្សារលើ
ហើយបន្ដដំណើរទៅមាត់ឆ្នេរមិនចាំឈ្មោះ និងជួលទូកដើម្បីទៅជាន់ដែនដីកោះពស់ (កាលនោះស្ពានឆ្លងទៅកោះពស់ធ្វើមិនទាន់ហើយ)។ ក្នុងពេលកំពុងអង្គុយលើទូកខ្ញុំបានឃើញនូវទស្សនីយ៍ភាពមួយបែបថ្មី ដែលខ្ញុំមិនដែលធ្លាប់បានឃើញទាល់តែសោះក្នុងឆាកជីវិត ត្បិតវាស្រស់ត្រកាលខ្លាំងណាស់!
ពេលដែលទៅដល់កោះភ្លាម
យើងបាននាំគ្នាទៅជួលកញ្ចុះអង្គុយ
និងឲ្យគេរៀបចំម្ហូបអាហារ ចំណែកឯពួកយើងបាននាំគ្នាអង្គុយលេងបៀរយ៉ាងសប្បាយរីករាយ…. ពេលម៉ោងបាយមកដល់ អ៊ុំស្រីម្នាក់ដែលជាអ្នករស់នៅលើកោះបានរៀបចំអាហារមកដល់កញ្ចុះ ហើយពេលនោះគាត់បានបន្ថែមម្ហូបមួយមុខទៀតឲ្យយើង នោះគឺសម្លរម្ជូរស្លឹកថ្នឹងដែលស្លជាមួយនឹងត្រីសមុទ្រ រួមមានជាមួយនឹងគ្រំសមុទ្រទៀតផង ហើយម្នាក់ៗហាក់ដូចជាញញើតក្នុងការញ៉ាំប៉ុន្ដែសម្រាប់ខ្ញុំគឺវា ឆ្ងាញ់ខ្លាំងណាស់។
អ្វីធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបាននោះគឺក្រោយពេលញ៉ាំបាយ ថ្ងៃត្រង់រួច
មិត្តភក្ដិរបស់ខ្ញុំបានវាតវង់លេងបៀរបន្ដទៀត ចំណែកឯខ្ញុំបានដើរលេងក្រោមដើរស្រល់ដែលមានម្លប់ត្រជាក់ល្ហឹម គួបផ្សំជាមួយនឹងខ្យល់បក់ពីមាត់សមុទ្រធ្វើឲ្យខ្ញុំទទួលបាននូវ អារម្មណ៍ដ៏មានក្ដីសុខជាទីបំផុត។
ដើរផុតពីកញ្ចុះប្រហែល
១០០ម៉ែត្រ
ខ្ញុំបានឃើញអង្រឹងក្រចៅមួយដែលគេចងចោលក្រោមដើមស្រល់ ហើយខ្ញុំបានដេកកទម្រេតខ្លួនលើអង្រឹងនោះ មើលទៅទេសភាពជុំវិញខ្លួន
និងចាក់ចម្រៀងស្ដាប់តែម្នាក់ឯង
ក្រោមជំនោរដ៏ត្រជាក់ល្ហឹមបក់មកប៉ះរាងកាយខ្ញុំ បណ្ដាលឲ្យភ្នែករបស់ខ្ញុំទន់ទោរបើកលែងរួច ហើយខ្ញុំក៏គេងលក់ទាំងមានក្ដីសុខ។
នៅម៉ោងប្រហែល៣រសៀល មិត្តភក្ដិរបស់ខ្ញុំម្នាក់បានមកដាស់ខ្ញុំថា គេនាំគ្នាទៅវិញហើយ
ឲ្យខ្ញុំរៀបចំខ្លួនទៅវិញ។
ទោះជាយ៉ាងណាក្ដីអារម្មណ៍របស់ខ្ញុំនៅតែចង់គេងលើអង្រឹងនោះបន្ដ ទៀត
ហើយចង់នៅគេងនៅលើកោះនោះមួយយប់ថែមទៀតផង ប៉ុន្ដែមិនដឹងធ្វើយ៉ាងម៉េចបើពេលវេលាតម្រូវឲ្យខ្ញុំចាកចេញពី កោះពស់នោះទាំងអាល័យទៅហើយនោះ។
នៅពេលដែលខ្ញុំជិះទូកចាកចេញពីកោះ ខ្ញុំមានអារម្មណ៍ស្រណោះកោះនោះខ្លាំងណាស់ ជាពិសេសអង្រឹងក្រចៅចងក្រោមដើមស្រល់ដែលខ្ញុំបានគេងទម្រេតខ្លួន នោះ។ ខ្ញុំបានចោលក្រសែភ្នែកសម្ដៅទៅលើអង្រឹងនោះទាំងអាលោះអាល័យ និងប្រាថ្នាបានគេងលើអង្រឹងនោះសារជាថ្មីម្ដងទៀត…។ ដោយ បូរ៉េន
អង្រឹងក្រចៅចងក្រោមដើមស្រល់
នាឆ្នេរកោះពស់ បន្សល់នូវអនុស្សាវរីយ៍ដ៏អស្ចារ្យសម្រាប់ជីវិតខ្ញុំ និងធ្វើឲ្យខ្ញុំចងចាំរហូតដល់អស់ដង្ហើម….
0 comments:
Post a Comment