រូបថត​អតីត និង​បច្ចុប្បន្ន​នៃ​របាំខ្មែរ​នៅ​ក្រុង​ញូវយ៉ក​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ

Thursday, June 6, 2013


ក្នុង​ឈុត​សំពត់​ចង​ក្បិន និង​អាវ​ប៉ាក់ឌិន នារីរបាំ​ខ្មែរ​​​កំពុង​រាំ​សម្ដែង​នៅ​វិថី​ប្រជុំ​ជន​ថាម​ឃ្វែរ ឯ​ទីក្រុង​ញូវយ៉ក។ រូបថត Pete Pin 

ភ្នំពេញ : នា​វេលា​ថ្ងៃ​ត្រង់​ហៀបរសៀល នៅ​វិថី​ប្រជុំជន​ថាមឃ្វែរ ឯ​ទីក្រុង​ញូវយ៉ក កាល​ពី​ឆ្នាំ​១៩៧១ ស្ត្រី​ខ្មែរ​១៨​នាក់​ដែល​ក្នុង​នោះ​មាន​ខ្លះ​នៅ​ជំទង់ និង​ខ្លះ​ស្ថិត​ក្នុង​វ័យ​សាមប្លាយ​នោះ ត្រូវ​បាន​គេ​ផ្ដិត​យក​រូបភាព​របស់​ពួកនាង ខណៈ​កំពុង​សម្ដែង​របាំ​បុរាណ​ខ្មែរ​យ៉ាង​រស់រវើក ជាមួយ​នឹង​ម្រាមដៃ​ដ៏​ទន់​ល្វតល្វន់។គ្រង​ដោយ​ឈុត​សំពត់ក្បិន​ចម្រុះ​ពណ៌ និង​អាវ​ប៉ាក់ឌិន​ប៉ោងស្មា ពួកនាង​រាំ​ជា​ជួរ ហើយ​ក្នុង​ចំណោម​នោះ​មាន​នារី​របាំ​ម្នាក់​ឈ្មោះ ព្រឿង ឈាង ក៏​ស្ថិត​ក្នុង​ក្រុម​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​ដែរ។ កាល​នោះ ក្រុម​របាំ​បាន​ធ្វើ​ដំណើរ​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​ជា​លើក​ទី​១ ហើយ​រូបថត​របស់​ពួកនាង​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​អាមេរិក​ទៀត​ផង។ត្រឡប់​មក​សម័យ​បច្ចុប្បន្ន​ឆ្នាំ​២០១៣ វិញ អ្នកស្រី ព្រឿង ឈាង រួម​ទាំង​នារី​របាំ​ជំនាន់​ក្រោយ​ជាច្រើន​នាក់​ទៀត បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​សម្ដែង​នូវ​របាំ​ព្រះរាជទ្រព្យ​សាជា​ថ្មី ក្នុង​ឱកាស​បុណ្យ​មហោស្រព​សិល្បៈ និង​តន្ត្រី​ខ្នាត​ធំ​មួយ នៅ​ទីតាំង​ដដែល​ក្នុង​ទីក្រុង​ញូវយ៉ក ដែល​កម្មវិធី​នេះ​បញ្ចប់​ទៅ​កាល​ពី​ខែ​មុន។អ្នកថតរូប​អាជីព Pete Pin បាន​ព្យាយាម​ផ្ដិត​យក​រូប​សកម្មភាព​នេះ​ឲ្យ​ដូច​នឹង​រូបកាល​ពី​សម័យ​ឆ្នាំ​១៩៧១ ដោយ​ប្រើប្រាស់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទឹក​ក្រូច​កូកាកូឡា និង​រូប​ចម្លាក់​Father Duffy ធ្វើ​ជា​វត្ថុ​សម្គាល់។

រូបភាព​អតីតកាល និង​បច្ចុប្បន្នកាល​របស់​នារី​របាំ​ព្រះរាជទ្រព្យ​នេះ​ត្រូវ​បាន​បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជិត​១០​ម៉ឺន​នាក់ តែ​ក្នុង​រយៈពេល​២​សប្ដាហ៍​។លោក ព្រីម ភ្លើន នាយកប្រតិបត្តិ​អង្គការ Season of Cambodia ដែល​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​ឲ្យ​ដឹង​ថា​៖​«វា​សបញ្ជាក់​ឲ្យ​ឃើញ​ថា វប្បធម៌​យើង​មាន​សក្ដានុពល​ក្នុង​ការ​ស្ដារ​ឡើង​វិញ។ ខ្ញុំ​គិតថា ជនជាតិ​ខ្មែរ​ទូទាំង​សកលលោក​ពិតជា​មាន​មោទនភាព​ណាស់»។ក្នុង ចំណោម​នារី​របាំ​ក្នុង​រូបថត​ឆ្នាំ​១៩៧១​ទាំងអស់ មាន​តែ​៤​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រាន​មាន​ជីវិត ដោយ​ខ្លះ​ត្រូវ​របប​ខ្មែរក្រហម​ឆក់​យក​សង្ខារ និង​ខ្លះ​ទៀត​ទទួល​មរណភាព​ដោយ​ជរាពាធ។សម្រាប់​អ្នកស្រី ព្រឿង ឈាង រូបថត​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​ចងចាំ​ពី​ការ​តស៊ូ​ប្រោសព្រំ​ឲ្យ​សិល្បៈ​ខ្មែរ​រស់រាន​ឡើង​វិញ។អ្នកស្រី​បាន​ថ្លែង​ទាំង​ស្រណោះ​ថា​៖​«វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​មិត្តភក្តិ​ធ្លាប់​រាំ​ជាមួយ​គ្នា ដែល​បាន​ចែក​ឋាន​ទៅ។ រូបថត​នេះ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល។ វា​មាន​អត្ថន័យ​ខ្លាំង​ណាស់»។សិល្បការិនី​សាង ភស្ដា ដែល​បាន​ហាត់​របាំ​ខ្មែរ​តាំង​ពី​អាយុ​១៤​ឆ្នាំ​នោះ ក៏​បាន​ចូលរួម​សម្ដែង​របាំ​ព្រះរាជទ្រព្យ​នៅ​វិថី​ប្រជុំជន​ថាមឃ្វែរ នា​ឆ្នាំ​នេះ​ដែរ។ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ សិល្បការិនី​រូប​នេះ​បាន​និយាយ​ថា​៖​«ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ការ​រាំ​ឆ្នាំ​នេះ ព្រោះ​មាន​មនុស្ស​ចាប់​អារម្មណ៍​ច្រើន»។ស្រដៀង​នឹង​ខ្សែ​ជីវិត​របស់​អ្នក​របាំ​ក្នុង​រូបថត​ខាង​លើ​ដែរ អ្នកថតរូប Pete Pin ដែល​ប្រសូត​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្រោយ​របប​ខ្មែរ​ក្រហម មុន​នឹង​ចាកចេញ​ទៅ​សហរដ្ឋ​អាមេរិក​អំឡុង​ឆ្នាំ​១៩៨០​នោះ ក៏​មិន​សូវ​ស្គាល់​ទម្រង់​សិល្បៈ​ខ្មែរ​ដែរ។លោក​បាន​ឲ្យ​ដឹង​ថា​៖​«ខ្ញុំ​គឺជា​ខ្មែរ​សញ្ជាតិ​អាមេរិក​ដែល​តែងតែ​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​អត្តសញ្ញាណ និង​ទំនាក់ទំនង​ទៅ​នឹង​ទឹកដី​កំណើត​របស់​ខ្ញុំ ដែល​ខ្ញុំ​ព្យាយាម​ផ្សារភ្ជាប់​តាមរយៈ​រូបថត​ឯកសារ។ ខ្ញុំ​បាន​ប្រើប្រាស់​ម៉ាស៊ីនថត​របស់​ខ្ញុំ​ដើម្បី​ផ្ដិត​យក​រូបភាព​សិល្បៈ​របាំ​ក៏​ដូចជា​ស្វែង​យល់​ពី​វា​ដែរ»។បើ​ប្រៀបធៀប​រូបថត​ទាំង​ពីរ ថ្វីត្បិត​តែ​គុណភាព​រូប​និង​ប្រភេទ​ម៉ាស៊ីនថត​ផ្ដិត​យក​រូបភាព​នោះ​ខុស​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​ដែល​ដាក់​រូបថត​ទាំងនោះ​ជិត​គ្នា វា​ផ្គុំ​បាន​ជា​សាច់​រឿង​មួយ​ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ៕

ប្រភព: camnews.org


0 comments:

អត្រាប្ដូរប្រាក់

សមាជិក​ក្រុម

អត្ថបទប្រចាំខែ

ចំនួនអ្នកចូលមើល

Flag Counter