១. ការងារសង្រួមកាយ ការងារសង្រួមវាចា ការងារសង្រួមចិត្ត ពិតជាការងារប្រចាំថ្ងៃ នៃជនប្រុសស្រី ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះជាការបិទទ្វារការពារទប់ស្កាត់នូវបាបថ្មីៗ កុំឲ្យចូលមករួមដៃជាមួយបាបចាស់ កាត់បន្ថយកម្លាំងបាបដែលសន្សំក្នុងសន្តានចិត្ត ប្រៀបបីដូចជាបុគ្គលដែលខំព្យាយាមតមចំណីទាស់ ព្រោះហេតុតែខ្លួនឯងឈឺរោគថ្លើម ដូច្នោះឯង ។
២. ការងារបំពេញសេចក្តីល្អ ពិតជាត្រូវធ្វើបន្តមិនឲ្យដាច់ ធ្វើទានរឿយៗ រក្សាសីលជាប់លាប់ អប់រំចម្រើនសេចក្តីស្ងប់ជាប្រចាំ រៀនធម៌ស្តាប់ធម៌បំពេញចំណេះដឹង ទាំងអស់នេះសុទ្ធតែជាការងារបំប៉ននូវស្មារតី ប្រៀបបីដូចជាអ្នកឈឺថ្លើម ខំប្រឹងថែសុខភាព បំប៉នចំណីល្អៗ ប្រើប្រាស់អ្វីៗមានអនាម័យ ដើម្បីជួយកម្លាំងគ្របសង្កត់នូវរោគ ដូច្នោះដែរ ។
៣. ការងារអប់រំចម្រើននូវសតិប្បដ្ឋាន ៤ គឺជាការងារស្រាវជ្រាវរកសេចក្តីពិត ក្នុងជីវិតដែលមានតែរូបធម៌ និងនាមធម៌ ដើម្បីកំចាត់បង់នូវការវង្វេង ព្រមដោយការប្រកាន់ខុសផ្សេងៗ ប្រព្រឹត្តទៅដើម្បីអរិយមគ្គជាលោកុត្តរ ប្រហារបង់នូវអនុស័យ ។ ចំពោះកិលេស ឬ នីវរណៈច្រើនៗក្នុងជីវិតប្រចាំថ្ងៃ វាជាមេរោគចង្រៃ បើទុកឲ្យវារីកចម្រើនឡើងៗ ជាការលំបាកក្នុងការសម្លាប់វាឲ្យអស់ណាស់ បើដូច្នេះជាមួយគ្នានឹងការចម្រើនសតិប្បដ្ឋាន ៤ ពុទ្ធបរិស័ទរមែងបំពេញនូវការងារមួយទៀតគឺការងារគ្របសង្កត់នូវ នីវរណធម៌ ការស្តាប់ព្រះធម៌ពីរោះ មានសេចក្តីជ្រះថ្លា មានការតាំងចិត្តមាំទាំក្នុងពេលស្តាប់នោះ ក៏ជាការគ្របសង្កត់នូវនីវរណធម៌ដោយពិត ម៉្យាងទៀតព្រោះការប្រកបព្យាយាមក្នុងអធិចិត្ត គ្របសង្កត់នូវនីវរណៈដោយសមថកម្មដ្ឋាន សេចក្តីនេះប្រៀបដូចអ្នកឈឺរោគថ្លើម ក្នុងការប្រើប្រាស់ថ្នាំ រមែងប្រើប្រាស់ថ្នាំពីរមុខ គឺមួយមុខសម្រាប់ហ៊ុមព័ទ្ធមេរោគ និងមួយមុខទៀត សម្រាប់ជំនួយដល់ការប្រហារនូវមេរោគនោះ ដូច្នោះឯង ។
ការចម្រើនសតិប្បដ្ឋាន ៤ ជាការដុសខាត់សេចក្តីប្រកាន់រឿយៗ បញ្ញាក៏ភ្លឺថ្លាឡើងៗ ហើយរមែងជាឧបការៈ ដល់កុសលធម៌ដទៃទៀតគ្រប់យ៉ាងទាំងអស់ សតិប្បដ្ឋាន ៤ ជាគំនរនៃកុសលធម៌ ការចម្រើនសតិយ៉ាងនេះរឿយៗ រមែងឈានទៅរកការឃើញច្បាស់មួយថា " ធម៌ទាំងឡាយទាំងពួង គឺកុសលធម៌ អកុសលធម៌ អព្យាកតធម៌ គ្រាន់តែជាខន្ធ អាយតនៈ ធាតុ តែប៉ុណ្ណោះ ពុំមែនជាសត្វសោះឡើយ ហើយមិនគួរប្រកាន់ថា ជារបស់មាំមួនទៀតផង "
ស្រង់ចាកពីសៀវភៅ " មនុស្សជាមួយនឹងការងារ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មចារ្យ ប៊ុត-សាវង្ស ។
ដកស្រង់ពី http://www.5000-years.org
0 comments:
Post a Comment